នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ បានអញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលនឹងរៀបចំចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម។ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំកម្រិតអន្តរជាតិនេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអន្តរជាតិ។ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ក្រសួងពាណិជ្ជកម្មក៏នឹងរៀបចំកម្មវិធីអមសំខាន់ៗមួយចំនួនផងដែរដូចជា៖ សិក្ខាសាលាស្តីពីការជំរុញពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ កម្មវិធីចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម កម្មវិធីជំនួបពាណិជ្ជកម្ម និងការប្រគំតន្ត្រីជាដើម។